1 Corinthians 8

1ឥឡូវនេះចំពោះសំណែន​ដល់​រូប​ព្រះយើងដឹងថា​យើង​ចេះដឹងទាំងអស់គ្នាហើយ។ ​ការ​ចេះដឹង​នាំ​ឲ្យ​អួតខ្លួនប៉ុន្ដែ​សេចក្ដី​ស្រលាញ់​នាំ​ឲ្យ​ស្អាងចិត្ដ 2បើអ្នកណាម្នាក់ស្មានថា​ខ្លួន​ចេះអ្វីមួយអ្នកនោះមិន​ទាន់​ចេះ​តាម​ដែល​ខ្លួន​ត្រូវចេះទេ 3ប៉ុន្ដែបើអ្នកណាស្រលាញ់ព្រះជាម្ចាស់ព្រះអង្គ​ក៏​ស្គាល់​អ្នក​នោះ​ដែរ។ 4ដូច្នេះចំពោះ​ការ​បរិភោគសំណែន​ដល់​រូប​ព្រះ​គឺ​យើង​ដឹង​ហើយ​ថារូបព្រះនៅក្នុងលោកិយ​នេះ​គ្មាន​បាន​ការ​អ្វី​ឡើយហើយ​យើង​ដឹង​ទៀត​ថាក្រៅពីព្រះជាម្ចាស់គ្មាន​ព្រះ​ឯណា​ទៀត​ឡើយ 5ដ្បិតទោះបីជាមាន​អ្វីៗ​ដែល​គេ​ហៅថាព្រះទាំងនៅលើមេឃ​នៅ​លើដី​ហើយ​ទោះបី​ជា​មានព្រះច្រើននិងព្រះអម្ចាស់ច្រើន​ក៏​ដោយ 6ក៏យើង​មាន​ព្រះជាម្ចាស់​តែ​មួយ​ប៉ុណ្ណោះ​គឺ​ជា​ព្រះវរបិតាដែល​បាន​បង្កើត​របស់​សព្វសារពើ​ព្រមទាំង​យើង​ដែល​សម្រាប់ព្រះអង្គ​ដែរ​ហើយ​យើង​មាន​ព្រះអម្ចាស់យេស៊ូគ្រិស្ដ​តែ​មួយ​ប៉ុណ្ណោះ​ដែល​របស់​សព្វសារពើ​បាន​កើត​មក​ដោយសារ​ព្រះអង្គ​ហើយយើង​ក៏​កើតមក​ដោយសារព្រះអង្គ​ដែរ 7ប៉ុន្ដែមិន​មែន​មនុស្ស​ទាំងអស់​មាន​ការចេះដឹងបែបនេះទេដ្បិត​មាន​អ្នក​ខ្លះ​ដោយសារ​តែ​ធ្លាប់​ថ្វាយបង្គំ​រូបព្រះរហូតដល់ពេលនេះ​បាន​ជា​គេ​បរិភោគសំណែន​ដល់​រូប​ព្រះដូច្នេះហើយមនសិការទន់ខ្សោយ​របស់​គេ​ត្រលប់ជា​ស្មោកគ្រោក 8ប៉ុន្ដែអាហារមិន​ធ្វើ​ឲ្យ​យើង​ឃ្លាត​ឆ្ងាយ​ពី​ព្រះជាម្ចាស់ឡើយ​ដ្បិត​ទោះបីយើងមិនបរិភោគ​ក៏​មិន​អាក្រក់​ជាង​មុន​ហើយ​បើយើងបរិភោគ​នោះ​ក៏​មិន​ប្រសើរ​ជាង​មុន​ដែរ 9ប៉ុន្ដែចូរ​ប្រយ័ត្នក្រែងលោសិទ្ធិ​របស់​អ្នករាល់គ្នានេះត្រលប់ជា​ធ្វើឲ្យ​ពួក​អ្នក​ទន់ខ្សោយ​ជំពប់ដួល​តាមរបៀប​ណាមួយ 10ដ្បិតបើអ្នកណាឃើញអ្នក​ជា​មនុស្ស​ដែលមាន​ការ​ចេះដឹង​កំពុង​អង្គុយបរិភោគនៅក្នុងវិហារ​ដែល​មាន​រូប​ព្រះ​តើ​មនសិការទន់ខ្សោយ​របស់​គេមិនលើកទឹកចិត្ត​គេ​ឲ្យ​បរិភោគសំណែន​ដែរ​ទេ​ឬ? 11ដូច្នេះអ្នក​ទន់ខ្សោយ​គឺ​បងប្អូនដែល​ព្រះ​គ្រិស្ដ​បាន​សោយទិវង្គតជំនួសនោះ​ត្រូវ​វិនាសដោយសារ​ការ​ចេះដឹងរបស់អ្នកហើយ 12ដោយសារអ្នករាល់គ្នា​ធ្វើបាបទាស់នឹងបងប្អូនហើយធ្វើ​ឲ្យ​មនសិការទន់ខ្សោយ​របស់​ពួកគេរបួស​នោះ​អ្នករាល់គ្នា​ធ្វើបាបទាស់នឹង​ព្រះ​គ្រិស្ដ​ហើយ 13ដូច្នេះបើអាហារ​ណា​ធ្វើ​ឲ្យ​បងប្អូន​របស់​ខ្ញុំជំពប់ដួល​ខ្ញុំ​មិនបរិភោគអាហារនោះជា​រៀង​រហូតដើម្បីកុំឲ្យ​ខ្ញុំ​ធ្វើ​ឲ្យ​បងប្អូន​របស់​ខ្ញុំជំពប់ដួល
Copyright information for KhmKCB